Antonio Conte អ្នកចាត់ការក្រុម Chelsea
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ ដឹកនាំ Chelsea ៣ប្រកួតរដូវកាលថ្មីដំបូង ឈ្នះទាំង៣ប្រកួត ប៉ុន្តែ៣ប្រកួតចុងក្រោយហាក់យ៉ាប់យ៉ឺនមែនទែន ដោយស្មើ Swansea City ២-២, ចាញ់ Liverpool ២-១ និងចាញ់ Arsenal ៣-០ ថែមទៀត។
Conte សញ្ជាតិអ៊ីតាលី វ័យ៤៧ឆ្នាំ បាននិយាយថា៖ “ប្រាកដណាស់ ខ្ញុំមិនបានគេងទេ។ បន្ទាប់ពីបរាជ័យប្រកួតនោះ វាជារឿងធម្មតាសម្រាប់ខ្ញុំ ដែលមិនបានគេង។ នៅពេលដែលក្រុមយើងលេងមិនល្អទាំងអស់គ្នា។ ខ្ញុំជាអ្នកទទួលខុសត្រូវដំបូងគេ បុគ្គលិករបស់ខ្ញុំទី២ និងបន្ទាប់មកគឺកីឡាករ។ វាពិតជាសំខាន់ណាស់ ដែលត្រូវយកបទពិសោធន៍មួយនេះ ធ្វើជាឱកាសដើម្បីស្វែងយល់ ហើយយើងចង់ត្រឡប់ទៅរកភាពខ្លាំងវិញយ៉ាងឆាប់រហ័សបំផុត”។
“ខ្ញុំមិនចង់ដាក់កំហុសលើខ្សែការពារ ខ្សែបម្រើ ឬខ្សែប្រយុទ្ធនោះទេ ព្រោះខ្ញុំគិតថា យើងចាញ់និងឈ្នះ គឺជាក្រុម។ យើងនៅមានចំណុចត្រូវបំពេញច្រើនទៀត បើយើងចង់បានចំណាត់ថ្នាក់ល្អ ហើយមិនមែនក្រុមនៅពាក់កណ្ដាលតារាង”។ Conte បានបញ្ជាក់៕