KM​H Champions League នឹង​ផ្តើម​ផ្សាយ​ផ្ទាល់​នៅ​លើ PNN ចាប់​ពី​​​ចុង​ខែតុលា​នេះ​ហើយ

ព្រឹត្តិការណ៍​បាល់​ទាត់​ពាក់​កណ្តាល​អាជីព​ធំ​ជាង​គេ​បង្អស់​នៅ​​​កម្ពុជា KM​H Champions League នឹង​ដំណើរ​ការ​ចាប់​ពី​​ថ្ងៃទី២២ ​ខែតុលា​ ឆ្នាំ​២០១៦​ ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៧​ រៀងរាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង៤ ដល់​ម៉ោង៦​ល្ងាច តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។

KMH CHAMPIONS LEAGUE ត្រូវ​បាន​បង្កើត​ឡើង​នា​ឆ្នាំ​២០១៥ ដោយ​ច្របាច់​បញ្ចូល​គ្នា រវាង​ក្រុម​បាល់​ទាត់​ល្អៗ និងធំៗ​មក​ពី​ទូទាំង​រាជធានី​ភ្នំពេញ។ KMH CHAMPIONS LEAGUE នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​បាល់ទាត់​នៅ​កម្ពុជា។



លោក កាំង សេន ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត KMH CHAMPIONS LEAGUE ឲ្យ​ភីអិនអិន​ដឹង​ថា KMH Champions League រដូវ​កាល​ទី២​នេះ កាន់​តែ​អស្ចារ្យ​ជាង​ឆ្នាំ​មុន ត្បិត​មាន​ការ​ផ្សាយ​ផ្ទាល់​ពី PNN ពេញ​មួយ​រដូវកាល និង​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន​​​គុណនឹង​៣។ លោកថា៖ «ការ​ប្រកួត​នេះ​យើង​នឹង​ធ្វើ​ពេញ​មួយ​រដូវកាល​តែ​ម្តង​។​ អ្វី​ដែល​យើង​ធ្វើ​នេះ គឺ​ចង់​ឲ្យ​ការ​ប្រកួត​របស់​យើងមាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ពាន​បាល់​ទាត់​អឺរ៉ុប UEFA CHAMPIONS LEAGUE ដែរ ដូច្នេះ​គឺ​លេង​លក្ខណៈ HOME & AWAY បាន​ន័យ​ថា លេង​២ជុំ និង​ប្រកួត​លើ​ទីលានធំ​ស្តង់ដារ ដោយ​វិវត្ត​ពី​ខ្នាត​តូច​ទៅ​ខ្នាតធំ»។

KMH Champion League 2016-2017 នឹង​ផ្តើម​ផ្សាយ​ផ្ទាល់​នាវគ្គ​៣២​ក្រុម​ចុង​ក្រោយ លើ​កញ្ចក់​ទូរទស្សន៍ PNN រៀងរាល់​រសៀល​ថ្ងៃសៅរ៍ វេលា​ម៉ោង៤ដល់៦ល្ងាច ចាប់​ពី​ថ្ងៃ​ទី២២ ខែ​តុលា​តទៅ។ ព្រឹត្តិការណ៍​ដដែល​នេះ នឹង​អនុញ្ញាត​ឲ្យ​កីឡាករ​អាជីព​ចូលរួម​មួយ​ក្រុម​២រូប កីឡាករ​បរទេស​៤រូប​ ប៉ុន្តែ​បង្ហាញ​ខ្លួន​លើ​ទីលាន​ត្រឹម​២​រូបប៉ុណ្ណោះ។

កាល​ពី​រដូវកាល​ទីមួយ ភីអិនអិន ក៏​ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​ផ្តាច់មុខ​ពី​ព្រឹត្តិការណ៍​បាល់​ទាត់​នេះ​ម្តង​រួច​មក​ហើយកាល​ពី​ដើម​ឆ្នាំ​២០១៦៕