តើ​ពេល​ណា ទើប​ចាន់ វឌ្ឍនាកា ​បាន​ចូល​លេង​ប្រកួត​ផ្លូវ​ការ​នៅ​ជប៉ុន?


គិត​ត្រឹម​សប្ដាហ៍​ទី​៤​នេះ ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជាមួយ​ក្រុម ​Fujieda MYFC ​ក្នុង​លីគ​ជប៉ុន​លំដាប់​ទី​៣​នៅ​ឡើយ​ទេ ​ខណៈ​ដែល​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​ចាប់​ផ្ដើម​បាន​៤​សប្ដាហ៍​កន្លង​ទៅ​ហើយ។
តើ​ពេល​ណា ទើប​ចាន់ វឌ្ឍនាកា ​បាន​ចូល​លេង​ប្រកួត​ផ្លូវការ​នៅ​ជប៉ុន? ​បើ​តាម​លោក Atsuto Oishi ​គ្រូ​បង្វឹក​ក្រុម​ Fujieda MYFC ​ធ្លាប់​បាន​បញ្ជាក់​ថា​លោក​ត្រូវ​ឱ្យ វឌ្ឍនាកា ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​សិន ​ជាមួយ​ទីលាន​និង​អាកាសធាតុ។ ដោយ​ឡែក​ការ​បង្ហាញ​ខ្លួន​នោះ គឺ​ត្រូវ​ការ​ពេល​​វេលា​បន្តិច​ទៀត​សិន។ ​មួយ​វិញ​ទៀត ចំពោះ​កីឡាករ​ផ្ទាល់ ​កាល​មក​ជួយ​ជម្រើស​ជាតិ​កម្ពុជា ​ខ្លួន​គេ​ក៏​បាន​និយាយ​ដែរ​ថា​នៅ​ជប៉ុន បញ្ហា​អាកាស​ធាតុ​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​គេ​នៅ​ឡើយ។
កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ទៅ​លេង​នៅ​លីគ​ជប៉ុន​ខាង​លើ​បន្ថែម​ទៀត​ថា ​លោក Oishi ​ធ្លាប់​បាន​ប្រាប់​ខ្លួន​ឱ្យ​ពង្រឹង​សមត្ថភាព ​និង​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​សម្រាប់​ការ​ប្រកួត​ខាង​មុខ​ៗ។ ត្បិត​អី​លោក​ចង់​ឃើញ ​ការ​ប្រកួត​ដំបូង​របស់ វឌ្ឍនាកា ​ជា​ការ​ប្រកួត​មួយ​ពិសេស​និង​ជក់​ចិត្ត។
រូបភាពកាលទៅហ្វឹកហាត់​ប់ុន្មានថ្ងៃដំបូង
ខ្សែ​ប្រយុទ្ធ​ដែល​ហាត់​បាល់​តាំង​ពី​តួច​មក​នេះ ​កំពុង​តែ​ហ្វឹកហាត់​ជាមួយ​ក្រុម​ Fujieda ​ធម្មតា​ទេ ​ហើយ​រូបគេ​ផ្ទាល់​ក៏​រង់​ចាំ​ឱកាស ដើម្បី​បាន​ជួយ​មិត្ត​រួម​ក្រុម​ផង​ដែរ។ ដោយ​ឡែក​៤​ប្រកួត​ដំបូង​របស់​ក្លឹប​មួយ​នេះ ​ហាក់​ដូចជា​មិន​ទាន់​ល្អ​ឡើយ ព្រោះ​ចាញ់​២​ប្រកួត ស្មើ​១​ប្រកួត ​និង​ឈ្នះ​១​ប្រកួត ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៣ ​ក្នុង​ចំណោម​១៧​ក្រុម​នៃ​លីគ​លំដាប់​ទី​៣​នៅ​ជប៉ុន។ ខណៈ​ដែល​ប្រកួត​សប្ដាហ៍​ទី​៥​របស់​ពួកគេ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម ​Grulla Morioka ​នា​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។
ដូច្នេះ​ហើយ ​តើ​ប្រិយមិត្ត​គិត​ថា​ប្រកួត​ខាង​មុខ​នេះ ចាន់ វឌ្ឍនាកា ​អាច​នឹង​មាន​វត្តមាន​ចូល​លេង​ជាមួយ​ក្រុម​ដែរ​ឬ​អត់?

អត្ថបទ៖ http://ball855.blogspot.com/