គិតត្រឹមសប្ដាហ៍ទី៤នេះ ខ្សែប្រយុទ្ធ ចាន់
វឌ្ឍនាកា មិនទាន់បានបង្ហាញខ្លួនជាផ្លូវការជាមួយក្រុម Fujieda
MYFC ក្នុងលីគជប៉ុនលំដាប់ទី៣នៅឡើយទេ
ខណៈដែលការប្រកួតក្នុងពានរង្វាន់នេះចាប់ផ្ដើមបាន៤សប្ដាហ៍កន្លងទៅហើយ។
តើពេលណា ទើបចាន់ វឌ្ឍនាកា បានចូលលេងប្រកួតផ្លូវការនៅជប៉ុន?
បើតាមលោក Atsuto Oishi គ្រូបង្វឹកក្រុម Fujieda MYFC
ធ្លាប់បានបញ្ជាក់ថាលោកត្រូវឱ្យ វឌ្ឍនាកា
ត្រៀមខ្លួនឱ្យបានរួចរាល់សិន ជាមួយទីលាននិងអាកាសធាតុ។
ដោយឡែកការបង្ហាញខ្លួននោះ គឺត្រូវការពេលវេលាបន្តិចទៀតសិន។
មួយវិញទៀត ចំពោះកីឡាករផ្ទាល់ កាលមកជួយជម្រើសជាតិកម្ពុជា
ខ្លួនគេក៏បាននិយាយដែរថានៅជប៉ុន
បញ្ហាអាកាសធាតុនៅតែជាបញ្ហាចម្បងសម្រាប់គេនៅឡើយ។
កីឡាករកម្ពុជាដំបូងគេដែលបានទៅលេងនៅលីគជប៉ុនខាងលើបន្ថែមទៀតថា
លោក Oishi ធ្លាប់បានប្រាប់ខ្លួនឱ្យពង្រឹងសមត្ថភាព
និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រកួតខាងមុខៗ។
ត្បិតអីលោកចង់ឃើញ ការប្រកួតដំបូងរបស់ វឌ្ឍនាកា
ជាការប្រកួតមួយពិសេសនិងជក់ចិត្ត។
រូបភាពកាលទៅហ្វឹកហាត់ប់ុន្មានថ្ងៃដំបូង
ខ្សែប្រយុទ្ធដែលហាត់បាល់តាំងពីតួចមកនេះ
កំពុងតែហ្វឹកហាត់ជាមួយក្រុម Fujieda ធម្មតាទេ
ហើយរូបគេផ្ទាល់ក៏រង់ចាំឱកាស ដើម្បីបានជួយមិត្តរួមក្រុមផងដែរ។
ដោយឡែក៤ប្រកួតដំបូងរបស់ក្លឹបមួយនេះ ហាក់ដូចជាមិនទាន់ល្អឡើយ
ព្រោះចាញ់២ប្រកួត ស្មើ១ប្រកួត និងឈ្នះ១ប្រកួត
ឈរនៅចំណាត់ថ្នាក់លេខ១៣
ក្នុងចំណោម១៧ក្រុមនៃលីគលំដាប់ទី៣នៅជប៉ុន។
ខណៈដែលប្រកួតសប្ដាហ៍ទី៥របស់ពួកគេ នឹងត្រូវប៉ះជាមួយក្រុម
Grulla Morioka នាថ្ងៃទី១៦ខែមេសាឆ្នាំ២០១៧ខាងមុខនេះ។
ដូច្នេះហើយ តើប្រិយមិត្តគិតថាប្រកួតខាងមុខនេះ ចាន់ វឌ្ឍនាកា អាចនឹងមានវត្តមានចូលលេងជាមួយក្រុមដែរឬអត់?
អត្ថបទ៖ http://ball855.blogspot.com/