Header Ads

អ្នក​លេង​ជើង​រន្ទះ​ មឿន​ សុខហ៊ុច​ សង្ឃឹម​ឈ្នះ​៨០%​ លើកីឡាករថៃ

ជើង​ខ្លាំង​ទើប​យក​ខ្សែ​ក្រវាត់​ពី​ថៃ​ មឿន​ សុខហ៊ុច​ រំពឹង​ថា​នឹង​ឈ្នះ​កីឡាករ​ឆ្លង​ដែន​មក​ពី​ថៃ សាំង​ យុត ​ជា​លើក​ទី២​បាន ​នៅ​ថ្ងៃ​ទី១៦​ ខែ​កញ្ញា​ ឆ្នាំ២០១៦ ​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព។​

រូបថត៖  Max Muay Thai

កីឡាករ​ជើង​ខ្លាំង​ពូកែ​ខាង​ទាត់​ មឿន​ សុខហ៊ុច​ ដែល​ទើប​នាំ​យក​ខ្សែ​ក្រវាត់​ Max Muay Thai​ មក​ស្រុក​ខ្មែរ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មិន​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​ សាំង​ យុត​ ម្នាក់​នេះ​យក​ជ័យជម្នះ​លើ​ខ្លួន​បាន​ទេ។​ ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បន្ថែម​ទៀត​ថា​ធ្លាប់​ប្រកួត​ជា​មួយ​គ្នា​ម្ដង​ហើយ ​ អញ្ចឹង​ខ្លួន​ដឹង​ច្បាស់​ពី​ក្បាច់​របស់​កីឡាករ​ សាំង​ យុត។

សុខ​ហ៊ុច​ លើក​ឡើង​ទៀត​ថា​ដៃ​គូ​របស់​ខ្លួន​គឺ​ពូកែ​តែ​ប្រើ​ជើង​តែ​ប៉ុណ្ណោះ​ ហេតុ​នេះ​ហើយ​ សុខហ៊ុច​ ​មាន​វិធី​សាស្ត្រ​ទប់​ស្កាត់​និង​វាយ​បក​យក​ឈ្នះ​ផង​ដែរ។ បើ​និយាយ​ពី​សុខ​ភាព​វិញ​ មឿន​ សុខហ៊ុច​ មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​ហើយ​គេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ ​ប្រកួត​សង​សឹក​នេះ។​

បន្ទាប់​ពី​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​រួច ​ទៅ​ មឿន​ សុខហ៊ុច​ នឹង​ចូល​រួម​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ទូរទស្សន៍​ CNC​ នៅ​ពេល​​ខាង​មុខ​នេះ​ទៀត។​ ក្នុង​ពេល​ថ្មី​នេះ​ មឿន​ សុខហ៊ុច​ ប្រកួត​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ចំនួន​២​ ទី១​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​៦៥កីឡូក្រាម​ របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​និង​ទី២​ឈ្នះ​ខ្សែ​ក្រវាត់​ម៉ារ៉ាតុន​ Max Muay Thai​ ពី​ប្រទេស​ថៃ​ផង​ដែរ ៕

អត្ថបទ៖​ នួន​ ស៊ីណា
Powered by Blogger.