Neymar និង Firmino
កីឡាករដែលធំធាត់នៅទីក្រុងជាប់មាត់សមុទ្រឈ្មោះ Maceio ក្នុងប្រទេសប្រេស៊ីល បានឲ្យដឹងថាខ្លួនចាប់ផ្ដើមលេងបាល់ ដំបូងជាខ្សែការពារកណ្ដាល ហើយដល់វ័យ១៧ឆ្នាំ បានវិវត្តន៍ខ្លួនលេងជាខ្សែបម្រើ រហូតមកដល់ពេលនេះ Firmino ត្រូវលោក Klopp ដាក់ឲ្យលេងជាខ្សែប្រយុទ្ធតែម្ដង។
លោក Klopp បានធ្វើឲ្យ Robert Lewandowski និង Aubameyang ក្លាយជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតនៅលីគកំពូលអាល្លឺម៉ង់ និងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ សំអាងលើហេតុផលនេះ ខ្សែបម្រើប្រយុទ្ធដែលស៊ុតចូល Leicester ២គ្រាប់កាលពីសប្ដាហ៍មុន ជឿជាក់ថា Klopp អាចជួយឲ្យគេរីកចម្រើនបានដូចគ្នា។
“ខ្ញុំធ្លាប់លេងទល់នឹងក្រុមរបស់ Klopp ៤ឆ្នាំកន្លះ ខ្ញុំដឹងថាកីឡាករបែបណាដែលគាត់ពេញចិត្ត។ នៅពេលលឺដំណឹងថា Klopp មកកាន់ Liverpool ខ្ញុំរីករាយបំផុត គឺគ្មានអ្វីរីករាយជាងនេះទេ។ Klopp យករបៀបដឹកនាំនិងការលេងពីអាល្លឺម៉ង់។ គាត់ជាមនុស្សពូកែ តែគាត់អាចជួយខ្ញុំក្លាយជា Neymar នៅទីនេះបានឬអត់ វាអាស្រ័យលើខ្ញុំចេះក្ដាប់ឱកាស”។ Firmino ប្រាប់ដូច្នេះ៕