អ្នក​ចាត់ការ Mauricio Pochettino របស់ក្រុម Tottenham ​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​តំណែង​នៅ Barcelona បន្ទាប់​ពី​​បុរស​ជនជាតិ​អាហ្សង់ទីន​រូបនេះ​បានជួប​ជាមួយ​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu ​ថ្មី​ៗ​នេះ​ ស្រប​ពេល​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​​នេះ​កំពុង​ស្វែង​រក​អ្នកចាត់​ការ​ថ្មី​មក​​ស្នង​តំណែង​លោក Luis Enrique នៅ​រដូវ​កាល​ក្រោយ។

ប៉ុន្តែ​លោក Pochettino បញ្ជាក់​ថា​៖ ​មិន​អាច​ទៅ​ដឹកនាំ Barca​ ទេដោយសារ​តែ​ក្ដី​​ស្រលាញ់​របស់​លោក​ចំពោះ​ក្លិប Espanyol ​ដែលខ្ញុំចំណាយ​​ពេល​ភាគ​ច្រើន​នៃ​អាជីព​ធ្វើ​ជា​កីឡាករ​និង​​អ្នកចាត់ការ​នៅ​ទីនោះ​មុន​មក​អង់គ្លេស​។ Espanyol ​ជា​គូ​ប្រជែង​ជូរចត់​របស់ក្រុមអ្នកមានបុណ្យ ​​ស្ថិត​ក្នុង​ទីក្រុង Barcelona ជាមួយ​គ្នា​។ ចំពោះ​ក្លិប Arsenal ​​ដែល​កំពុង​មាន​ភាព​មិន​ច្បាស់​លាស់​ជាមួយ​លោក Arsene Wenger និង​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ឡុងដុង​ជាមួយ Spurs ដែរ​នោះ​ ​​ក៏​លោក Pochettino និយាយ​ថា​លោក​មិន​អាច​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​បាន​ដូច​គ្នា​។

អតីត​ខ្សែ​ការពារ​កណ្ដាល​ជម្រើស​ជាតិ​អាហ្សង់ទីន​វ័យ​៤៥​ខា​ង​លើ បញ្ជាក់​ថា​ការ​ជួប​ជាមួយ​ប្រធាន​ក្លិប Barcelona ​​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​​អេស្ប៉ាញ​កាល​ពី​សប្ដាហ៍​មុន​នោះ គ្រាន់​តែ​ជា​​រឿង​ចៃដន្យ​ប៉ុណ្ណោះ ខណៈ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​យូរ​មក​ហើយ ​ពោល​គឺ​តាំង​ពី​មុន​លោក Bartomeu ​ឡើង​ជា​ប្រធាន​ក្លិប​យក្ស​មួយនេះ​ម្ល៉េះ​។ គាតពន្យល់​បន្ថែម​​ថា​៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ Espanyol​។ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ច្រើន​ពេក​ទេ​។ បើ​សិន Daniel Levy ​បណ្ដេញ​ខ្ញុំ​ចេញ​ក្នុង​ពេល​ពីរ​បី​​ឆ្នាំ​ខាង​មុខ ហើយ​ខ្ញុំ​ទំនេរ​(គ្មាន​ការងារ) វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ខ្ញុំ​ទៅ​ដឹក​នាំ Arsenal​។ ខ្ញុំ​ជា​អ្នក​គាំទ្រ Espanyol។ ខ្ញុំ​ស្រលាញ់ Espanyol​។​

សូម​បញ្ជាក់​ថា​ សម្រាប់​អាជីព​ជា​កីឡាករ លោក Pochettino ផ្ដើម​​លេង​នៅ​ក្លិប Newell’s Old Boys ពី​ឆ្នាំ​១៩៨៩​ដល់​១៩៩៤ រួច​ផ្លាស់​មក​អឺរ៉ុប​ដោយ​ចូ​ល​រួម Espanyol​។ លេង​នៅ​​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ដល់​ឆ្នាំ​២០០០ លោក​ក៏​ទៅ​លេង​នៅ​បារាំង​ដោយ​ចូល​រួម​ក្លិប PSG ​ពី​ឆ្នាំ​២០០១​ដល់​២០០៣ និង Bordeaux ​ក្នុង​រដូវ​កាល​២០០៣​-០៤​​។ នៅ​​ដើម​ឆ្នាំ​២០០៤​នោះ​លោក​វិល​មក​ Espanyol វិញ​ហើយ​​លេង​ដល់​ចូលនិវត្តន៍​នៅ​ក្លិបនេះ​ក្នុង​ឆ្នាំ​២០០៦​។ ពេល​ផ្ដើម​អាជីព​ជា​អ្នកចាត់ការ Espanyol ជា​ក្លិប​ទី​១​ដែលខ្ញុំ ដឹក​នាំ គឺ​ពី​ឆ្នាំ​២០០៩​ដល់​២០១២​។ រដូវ​កាល​២០១៣-១៤​លោក​មក​ដឹកនាំ Southampton ហើយ​ទទួល​បាន​ជោគជ័យ​ ដែល​ញ៉ាំង​ឱ្យ Spurs ទិញ​​កិច្ចសន្យា​យក​រូប​លោក​ទៅ​ដឹកនាំ​​មក​ទល់​បច្ចុប្បន្ន​៕

ប្រភពពី skysports