Header Ads

គ្រូ​ Lee មិន​ចង់​ឃើញ​បង្ហោះ​វីដេអូ​ប្រកួត​​របស់​កម្ពុជា​ទាំង​ស្រុង​​ក្នុង​​ Youtube

គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ Lee Tae Hoon មិន​ចង់​ឃើញ​​ចំពោះ​ការ​ផ្សព្វផ្សាយ​វីដេអូ​ប្រកួត​​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​បណ្តាញ​សង្គម​ Youtube ពេញ​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​បើ​ត្រឹម​តែ​វីដេអូ​ហាយឡាយ​ជា​ការ​ប្រសើរ។

ក្នុង​សន្និសីទ​សារព័ត៌មាន ​​មុន​ការ​ប្រកួត​ជា​មួយ​ក្រុម​ស្រី​លង្ការ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​ Lee Tae Hoo គ្រូ​​​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ​បាន​បង្ហាញ​នៅ​កង្វល់​របស់​លោក​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ដៃ​គូ​ប្រកួត។ ​រាល់​ប្រកួត​ជា​មួយ​ក្រុម​បរទេស​ម្តង​ៗ​ លោក​ពិត​ជា​ពិបាក​ស្វែង​រក​ព័ត៌មាន​ពី​ការ​ប្រកួត​របស់​គេ​ណាស់​ ដោយ​សារ​នៅ​តាម​បណ្តាញ​សង្គម​ ជា​ពិសេស​ក្នុង​ Youtube ពួក​គេ​កម្រ​បង្ហោះ​ចូល​សកម្មភាព​ប្រកួត​ពេញ​ទាំង​ស្រុង​ណាស់។


 Lee Tae Hoon Coach
ដូច្នេះ​ពេល​ខ្លះ​ លោក​បាន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដៃ​គូ​ដើម្បី​ឃ្លាំ​មើល​ការ​ប្រកួត​ និង​ថត​វីដេអូ​របស់​គេ ​ដើម្បី​សិក្សា​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ។ លោក​ Lee បាន​សង្កត់​ធ្ងន់​ថា​ ផ្ទុយ​ទៅ​វិញ ​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ណាស់។ បន្ទាប់​ពី​ការ​ប្រកួត​អន្តរជាតិ​ចប់​ភ្លាម​ៗ ស្ថាប័ន​ព័ត៌មាន​នៅ​ស្រុក​ខ្មែរ​បាន​បង្ហោះ​វីដេអូ​​ពេញ​ និង​ហាយឡាយ​ចូល​ក្នុង​ Youtube ដែល​ចំណុច​​នេះ ​ងាយ​ស្រួល​ដល់​ដៃ​​គូ​ប្រកួត​ សិក្សា​ស្វែង​យល់​ពី​ក្រុម​កម្ពុជា​បាន​យ៉ាង​ស្រួល។

ដូច្នេះ​ហើយ​លោក​មិន​ចង់​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ទាំង​ស្រុង​ឡើយ។ យក​ល្អ​ត្រឹម​តែ​វីដេអូហាយ​ឡាយ​បាន​ហើយ។ ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​លោក​ Lee និង​អ្នក​ចាត់​ការ​ទូទៅ​​ជម្រើស​ជាតិ​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ថត​វីដេអូ និង​មើល​ជើង​ប្រកួត​របស់​ក្រុម​ប៊្រុយណេ​​​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ដើម្បី​សិក្សា​ស្វែង​យល់​ មុន​ពេល​ប៉ះ​គ្នា​ក្នុង​វគ្គ​ជម្រុះ​ Suzuki Cup ដែល​ប្រទេស​កម្ពុជា​ធ្វើ​ម្ចាស់​​ផ្ទះ​នា​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ball855
Powered by Blogger.